លោកទេសរដ្ឋមន្ត្រី គន់ គីម​ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម​ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ​ ចុះទៅពិនិត្យការជន់លិចនៅក្រុងពោធិ៍សាត់

លោកទេសរដ្ឋមន្ត្រី គន់ គីម​ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម​ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ​ ចុះទៅពិនិត្យការជន់លិចនៅក្រុងពោធិ៍សាត់

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ​ ហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងយ៉ាងធ្ងន់ធ្ងរ។

ឥទ្ធិពលវិសម្ពាធទាបដែលគ្របដណ្តប់លើប្រទេសកម្ពុជា​ កំពុងនាំឱ្យមានទឹកភ្លៀងវាយប្រហារធ្ងន់ធ្ងរដល់បណ្តាខេត្តភាគពាយព្យប្រទេស។ ទឹកដែលហូរធ្លាក់ពីជួរក្រវាញ បាននាំឱ្យជន់លិចធ្ងន់ធ្ងរនៅក្នុងតាមបណ្តាស្រុក និងក្រុងពោធិ៍សាត់ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ដែលកំពុងដឹកនាំកម្លាំងពិនិត្យការជន់លិចក្នុងក្រុងពោធិ៍សាត់ បញ្ជាក់ថា តាមការព្យាករណ៍ទឹកក្រុងពោធិ៍សាត់​ អាចនឹងកន្លះម៉ែត្រថែមទៀត សម្រាប់យប់នេះ និងថ្ងៃស្អែក។ ការជន់នេះ​ នឹងនាំឱ្យការលិចលង់កាន់តែខ្លាំង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា វេលានេះ​ កម្លាំងចម្រុះ​ ទាំងកម្លាំងប្រដាប់អាវុធ និងស៊ីវិលនៅក្នុងខេត្ត បាននឹងកំពុងស្រាក់ដៃគ្នាធ្វើប្រតិបត្តិការរៀបចំខ្សាច់ទប់ទឹកពីស្ទឹងពោធិ៍សាត់ បញ្ចៀសការជន់លិចកាន់តែខ្លាំងក្នុងពោធិ៍សាត់។ បន្ថែមពីលើនោះ រូបលោកក៏បានណែនាំអាជ្ញាធរឱ្យរកទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំងនៅយប់នេះផងដែរ។

បើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី មិនត្រឹមតែក្រុងពោធិ៍សាត់នោះទេ នៅស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងបណ្តាតំបន់មួយចំនួនទៀត ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ក៏បានរងការជន់លិចផងដែរ។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្លាំងកងទ័ពគ្រប់កងពល និងមន្ត្រីរាជការស៊ីវិលនៅតាមតំបន់រងការជន់លិច បានចេញប្រតិបត្តិការព្រមៗគ្នាជម្លៀសប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ប្រព័ន្ធផ្តល់ដំណឹងពីគ្រោះមហន្តរាយ ១២៩៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជូនដំណឹងទៅកាន់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយគ្រោះទឹកជំនន់។

មកដល់ពេលនេះ​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនទាន់អាចវាយតម្លៃពីទំហំប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះឡើយទេ៕