ក្រចេះ) មេឈ្មួញដុះស្លែជើងខ្លាំង (ឈ្មោះ ទូច) រកស៊ីុដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារក្នុងភូមិភាគឦសានឆ្លងកាត់ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ សម្ថកិច្ចនិងមន្ត្រីជំនាញនៅតាមដងផ្លូវមិនដែលចាប់បង្ក្រាបសោះ!!  

ក្រចេះ) មេឈ្មួញដុះស្លែជើងខ្លាំង (ឈ្មោះ ទូច) រកស៊ីុដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារក្នុងភូមិភាគឦសានឆ្លងកាត់ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ សម្ថកិច្ចនិងមន្ត្រីជំនាញនៅតាមដងផ្លូវមិនដែលចាប់បង្ក្រាបសោះ!!

បើទោះបីជា ឯកឧត្តម នាយឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងក្តៅគគុកឲ្យមន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី ចាប់បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិឲ្យខានតែបានជាដាច់ខាតយ៉ាងណាក៏ដោយ ក៏អស់លោកមន្ត្រីគ្រាប់ល្ពៅមួយចំនួននៅក្នុង ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ ទាំងនោះនៅតែគ្មានចំណាត់ការណ៍ទប់ស្កាត់ចាប់បង្ក្រាប និងនៅតែបន្តបើកដៃបណ្តោយឲ្យពួកឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើ ដឹកយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល។

ជាក់ស្តែងជារៀងរាល់យប់មេឈ្មួញជើងខ្លាំងឈ្មោះទូច និងកូនចៅ បានធ្វើសកម្មភាពដឹកជញ្ជូនឈើអត់ច្បាប់តាមរយម៉ូតូរម៉កជាច្រើនគ្រឿងដឹកឈើពេញៗចេញពីខេត្តក្រចេះធ្វើដំណើរឆ្លងកាត់ស្រុកឆ្លូងឆ្ពោះយកទៅលក់នៅខេត្តត្បូងឃ្មុំ ដោយធ្វើការដឹកជញ្ជូនបានយ៉ាងរលូនគ្មានការរំខានពីសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅគ្រប់មូលដ្ឋានក្នុងខេត្តទាំងពីរនេះឡើយ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនបានដាក់ការសង្ស័យថា ប្រហែលជាមេឈ្មួញឈ្មោះ ទូច នេះមានការរៀបចំជាកញ្ចប់លុយឲ្យ សមត្ថកិច្ចនិងមន្ត្រីជំនាញចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត អស់ហើយក៏មិនដឹង ហើយប្រសិនបើសមត្ថកិច្ចនិងមន្ត្រីជំនាញគ្មានការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធនោះទេ គឺមេឈ្មួញរូបនេះក៏មិនអាចធ្វើការដឹកជញ្ជូនឈើអត់ច្បាប់ទាំងនេះ ចេញពីតំបន់ព្រៃការពារ ឆ្លងកាត់ខេត្តក្រចេះ ទៅខេត្តត្បូងឃ្មុំបានតាមតែអំពើចិត្តនោះឡើយ ព្រោះត្រូវប្រឈមមុខនិងការចាប់បង្ក្រាបជៀសមិនផុតនោះឡើយ។

ប្រជាពលរដ្ឋជាច្រើនសូមធ្វើការសំណូមពរនិងអំពាវនាវទៅដល់ ប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំកំពូល និងមន្ត្រីជំនាញថ្នាក់ជាតិទាំងអស់ ជួយទប់ស្កាត់និងធ្វើការបង្ក្រាបចំពោះមេឈ្មួញជើងខ្លាំងឈ្មោះ ទូច នេះផង បើមិនដូច្នោះទេព្រៃឈើក្នុងតំបន់ព្រៃការពារ ច្បាស់ជារងនូវការ រលាយហិនហោចខ្ទេចខ្ទី អស់ជាមិនខានឡើយ ហើយក៏សូមជួយដុះក្អែលមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទាំងពីរខេត្តនេះចេញផង ព្រោះអស់លោកមន្ត្រីទាំងអស់នេះមិនដែលធ្វើការចាប់បង្ក្រាប បទល្មើសរបស់មេឈ្មួញឈ្មោះទូចនោះទេ បើទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់ប្រជាពលរដ្ឋ និងការចុះផ្សាយពីសំណាក់ សារព័ត៌មាន និងទូរទស្សន៍ ជាច្រើនលើកច្រើនសារយ៉ាងណា រហូតមកដល់ពេលបច្ចុប្បន្ននេះក៏ដោយ ក៏មន្ត្រីជំនាញគ្រាប់ល្ពៅទាំងនេះមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕