រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជិត៤០ម៉ឺនដុល្លា សំរាប់ការកសាងអាគារសិក្សា និងប្រពន្ធ័ផ្គត់ផ្គង់ ទឹកស្អាត នៅខេត្តពោធិសាត់ មណ្ឌល់គីរី ក្រចេះ និងខេត្តរតនគីរី..

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជិត៤០ម៉ឺនដុល្លា សំរាប់ការកសាងអាគារសិក្សា និងប្រពន្ធ័ផ្គត់ផ្គង់ ទឹកស្អាត នៅខេត្តពោធិសាត់ មណ្ឌល់គីរី ក្រចេះ និងខេត្តរតនគីរី..

ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ ឬហៅថា (ជំនួយ គូសាណូណិ) រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាចំនួន ៣៩ម៉ឺន ៨១១៣ដុល្លារ សហរដ្ឋអាមេរិច ដល់អង្គភាពចំនួន៤នៅកម្ពុជា សំរាប់ប្រើប្រាស់ ក្នុងការកសាងអាគារសិក្សា និងប្រពន្ធ័ ផ្គត់ផ្គង់ទឹកស្អាត នៅខេត្តចំនួន៤នៅក្នុងប្រទេសកម្ពុជា។


កិច្ចសន្យាផ្តល់ជំនួយខាងលើនេះ ត្រូវបានធ្វើពិធីចុះហត្តលេខា ប្រគល់ និងទទួលជាផ្លូវការ នៅស្ថានទូតជប៉ុន ប្រចាំទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិនានេះ ដែលចុះហត្តលេខាដោយ ឯ.ឧ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្កការ ស្ថាប័នទាំង៤ខាងលើ។

បើតាមស្ថានទូតជប៉ុន ថវិការជិត៤០ម៉ឺនដុល្លារ សហរដ្ឋអាមេរិចនេះ និងយកទៅប្រើប្រាស់ សំរាប់ គំរោងចំនួន៤ ក្នុងនោះគំរងទី១ គឺគម្រោងសាងសង់ ប្រពន្ធ័ផ្គត់ផ្គង់ទឹក នៅក្នុងភូមិរាំងខ្វាវ ខេត្តពោធិសាត់ ដែលអង្គភាពទទួលជំនួយ គឺអង្កការជីវិតថ្លៃថ្នូរ ដែលមានទឹកប្រាក់ចំនួន១០ម៉ឺន៣៣៨៥ដុល្លារ។ គំរោងទី២គឺគំរោងសាងសងអគារសិក្សានៅសាលា បឋម សិក្សាក្រូច១ខ្នងស្មើ៥បន្ទប់ បំពាក់គ្រឿង សង្ហារឹម និងបង្គន់អនាម័យ៤បន្ទប់ ស្រុកអូជុំ ខេត្តរតនគីរី ដែលអង្គ ភាពទទួលជំនួយ គឺមន្ទីរអប់រំយុវជននិងកីឡា ខេត្តរតនគីរី ដែលមានទឹកប្រាក់ ៩ ម៉ឺន ១២៨ដុល្លារ។ គំរោងទី៣ សាងសង់អាគារសិក្សា ១ខ្នង៥បន្ទប់ បំពាក់ គ្រឿងសង្ហារឹម និងបង្គន់អនាម័យ ៤បន្ទប់ នៅសាលាបឋមសិក្សាបុកទឹក ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានទឹកប្រាក់ ៩ម៉ឺន ៨១០០ដុល្លារ ហើយអង្គភាព ទទួលជំនួយ គឺមន្ទីរអប់រំយុវជននិង កីឡាខេត្តក្រចេះ និងគំរោងទី៤ គឺគម្រោងសាងសង់ អគារសិក្សា ១ខ្នង៥បន្ទប់ បំពាក់គ្រឿងសង្ហារឹម និងបង្គន់អនាម័យ៤បន្ទប់ នៅអនុវិទ្យាល័យមេម៉ង់ ខេត្តមណ្ឌលគីរី ដែលមានទឹកប្រាក់ ១០ម៉ឺន ៦០០០ដុល្លារ ហើយអង្គភាពទទួលជំនួយ គឺមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌល់គីរី។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ ដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់ គុណភាព នៃជីវភាពនៅកម្រិត មូលដ្ឋានក្នុងប្រទេសកម្ពុជា ស្របពេលថ្មីៗនេះ កម្ពុជាបាននិងកំពុង មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តែទោះបីជាយ៉ាងណាក៏ដោយ ជប៉ុនទទួលស្គាល់ថា នៅកម្ពុជា ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាព របស់ប្រជាជន ហើយប្រទេសជប៉ុន នឹងបន្ដចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហា ប្រឈមទាំងនោះ តាមរយៈក្របខណ្ឌ សហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង ជំនួយ គូសាណូណិ។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធី គូសាណូនិ នៅកម្ពុជា ចាប់ពីតាំង ពី ឆ្នាំ១៩៩១ ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងរបស់ ពួកគាត់។ គូសាណូនិ មានន័យ ថា «មូលដ្ឋាន» ក្នុងភាសាជប៉ុន ហើយរហូត ដល់ពេលនេះ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានផ្ដល់ជំនួយច្រើនជាង ៦០០គម្រោង តាមរយៈជំនួយ គូសាណូនិនេះ៕