ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ២​រោច ខែ​ផល្គុន ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ ២០២០ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​

ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ២​រោច ខែ​ផល្គុន ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ ២០២០ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​

ផ្តល់​កិត្តិយស​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន​៣,៤៥៨​នាក់ ដែល​ធ្វើឡើង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួម​មាន​កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដែល​បាន​បញ្ចប់​ការសិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ដែល​ក្នុងនោះ​ក៏​មាននិ​និស្សិត​បរិញ្ញាប​ត្រ​ផ្នែក​អាហារូបករណ៍​របស់​ស​ម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចំនួន ៣០​នាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​អបអរ​សារ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់ និង​បាន​ថ្លែង​ល​អំណរគុណ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល ដែល​បាន​ផ្តល់ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។ ទន្ទឹមនឹងនោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​ផងដែរ ចំពោះ​ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ដែល​បាន​ខិតខំ​បណ្តុះបណ្តាល​និស្សិត​តាំងពី​មាន​ចំនួន​តិចតួច​រហូតដល់​មាន​និស្សិត​សិក្សា​រាប់ម៉ឺន​នាក់ ជាពិសេស​និស្សិត​ជា​ស្ត្រី ដែល​ទទួលបាន​ការសិក្សា​នៅ វិទ្យាស្ថាន​វ៉ាន់ដា​នេះ​យ៉ាង​ច្រើន ដែល​នេះ​ជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស និង​លើ​កម្ពស់​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ពី​ស្ថា​ន​ភាព​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​ថ្មីៗ​នេះ​បាន​កើត​មក​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀមរាប​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​បាន​ប្រាប់​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា ត្រូវ​បន្ត​យកចិត្តទុកដាក់​ពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​នេះ ត្រូវ​ពង្រឹង​សេវា​សុខាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​អោយបាន​ដិតដល់ ជាពិសេស​រាល់ពេល​ដែល​មានការ​ទូរស័ព្ទ​ទាក់ទង​ចូល ដើម្បី​សួរនាំ​ពី​ជម្ងឺ​កូវី​ដ​១៩​នេះ ត្រូវតែ​ផ្តល់​ព័ត៌មាន​អោយបាន​ជាក់លាក់​ជូន​អ្នកជំងឺ ឲ្យទាន់​ពេលវេលា មិន​ត្រូវ​រុញ​ចុះ រុញ​ឡើង​នោះទេ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅតែ​បន្ត​អំពាវនាវ កុំអោយ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​ហួសហេតុ​ពេក​នោះ​ទេ​ពី​ជំងឺ​កូវី​ដ​-១៩​នេះ តែ​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ ថែរក្សា​សុខភាព​ខ្លួនឯង ក្រុមគ្រួសារ​អោយ​បានល្អ ជាពិសេស​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​សុខា​
​ភិ​បាល​។ ទន្ទឹមនឹងនោះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើងថា បើសិន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាច​គ្រោះថ្នាក់​ចរាចរ ដូច​ខ្លាច​ជម្ងឺ​កូវី​ដ​-១៩ នាពេល​នេះ​នោះ ប្រាកដ​ជា​កម្ពុជា​យើង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​បាន​ច្រើន​ជាក់​ជាមិនខាន​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា នៅពេល​ដែល​ជំងឺ​កូវី​ដ​-១៩​នេះ បាន​ឆ្លង​មក​ដល់​ពលរដ្ឋ​កម្ពុជា​ភ្លាម​នៅឯ​ខេត្ត​សៀមរាប​នោះ សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​សេ​នាឌី​យោ​ទី​២​ភ្លាម គឺ​សម្តេច​បាន​ប្រកាស​បិទ​សាលារៀន​ទាំងអស់​នៅ​ទី​រួម​ខេត្តសៀមរាប​(​ក្រុង​សៀមរាប​)​ដែល​ក្នុងនោះ​មាន​សាលារៀន​ប្រមាណ ១១០​សាលារៀន ត្រូវ​បិទទ្វា​ជា​បណ្តោះអាសន្ន និង​ការសម្រេច​បិទ​ព្រឹត្តិតិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២០ ផងដែរ​។ ទន្ទឹមនឹងនោះ សម្តេច​តេជោ​បញ្ជាក់ថា ការសម្រេច​បិទ​សាលា​បណ្តោះអាសន្ន​នេះ គឺ​យើង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​សុខភាព​កុមារ ដែល​ពួកគេ​អាច​ប្រឈម​ខ្ពស់ ពីព្រោះ​ពួកគេ​មាន​ការពិបាក​ក្នុង​ការការពារ​ពី​ជំងឺ​នេះ​។ ជាមួយគ្នា​នោះ សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​ស្ថានភាព​បែប​នេះ យើង​ត្រូវ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​ទាំងអស់គ្នា យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​នេះ ឲ្យទៅ​ជា​កាលានុវត្តភាព ដូចជា​ពី​មិនសូវ​យកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព ប្រែ​មក​ជា​ការប្រកាន់​ជាប់​នូវ​អនាម័យ​ជាប្រចាំ​ដើម្បី​សុខភាព​កាន់តែ​ល្អប្រសើរ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា នៅពេលនេះ យើង​មាន​នាវា​ចំនួន​០៧​គ្រឿង ដើម្បី​ដឹក​វត្ថុធាតុដើម​មកប្រើប្រាស់​ក្នុង​រោងចក្រ​នៅ​កម្ពុជា ដើម្បីអោយ​បងប្អូន​កម្មករ​កម្មការិនី​បាន​បន្ត​ការពារ​នៅក្នុង​រោងចក្រ​បន្តទៀត​។ យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច អោយទៅ​ជា​កាលានុវត្តភាព នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​អោយ​ល្អ​ប្រសើរ​ជា​ពេលខាងមុខ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាក​ច្រកម្ពុជា បាន​ជូនពរ​ដល់​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ សូម​ទទួលបាន​ជោគជ័យ​ថ្មីៗ​ជា​បន្តបន្ទាប់ រួមទាំង ការសិក្សា និង​ការងារ​ថ្មីៗ​ជាច្រើន​ទៀត​។ បន្ទាប់មក សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​នៅក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ឋស្នាល​បំផុត​៕