ចុមកណ្តុមឆែប!មកកាន់តំណែងទើបប៉ុន្មានខែប៉ុណ្ណោះ កូនប្រុសអភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរសាធារណការ នាំអោយមានការរិះគន់យ៉ាងខ្លាំង

ចុមកណ្តុមឆែប!មកកាន់តំណែងទើបប៉ុន្មានខែប៉ុណ្ណោះ កូនប្រុសអភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរសាធារណការ នាំអោយមានការរិះគន់

កំពង់ឆ្នាំង៖លោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើតលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ត្រូវជាកូនប្រសាររបស់លោក កែវ ពិសី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ទើបត្រូវបានផ្ទេរតំណែងពីក្រសួងសាធារណការនិងដឹកជញ្ជូន មកបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។

គ្រាន់តែផ្ទេរមិនទាន់បានប៉ុន្មានខែផង លោក ឈួរ ច័ន្ទរិទ្ធី ត្រូវបានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សម្រេចតែងតាំងជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលនាំអោយមន្ត្រីក្រោមឱវាទ រិះគន់យ៉ាងខ្លាំង។

ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ឲ្យដឹង នៅថ្ងៃទី២៦ ខែកុម្ភៈ នេះ ថា បើសិនមិនមានការប្រែប្រួលទេ លោក ឈួរ ច័ន្ទរិទ្ធី នឹងត្រូវប្រកាសតំណែងជាផ្លូវការ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ។

បញ្ហាទាំងនេះ ត្រូវបានមន្ត្រីតូចតាចនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លួចខ្សឹបខ្សៀវគ្នាថា “ហេតុតែកូនគេជាកូនអ្នកធំ ជាអ្នកចៅហ្វាយខេត្ត បានឡើងតំណែងរហ័សដូចផ្លេកបន្ទោល” ។ ចំណែកមន្ត្រីចាស់ៗវិញ គឺ តំណែងនៅរឹងដូចថ្ម ទោះបីខិតខំបម្រើការងារអស់ជាច្រើនឆ្នាំយ៉ាងណាក៏ដោយ ៕