រតនគិរី ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ ​ល្បែង​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​និង​បង្កប់​ដោយ​ល្បែង​អាប៉ោង​យ៉ាង​រាលដាល​បិតបានមួយ​ដង្ហើមចង្រិត ឥឡូវបានបើកលេងវិញ​ហើយ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនមាន​វិធានការ​បង្ក្រាប​នោះ​ទេ!!! សង្ស័យត្រូវថ្នាំជាមួយ…….

រតនគិរី ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ ​ល្បែង​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​និង​បង្កប់​ដោយ​ល្បែង​អាប៉ោង​យ៉ាង​រាលដាល​បិតបានមួយ​ដង្ហើមចង្រិត ឥឡូវបានបើកលេងវិញ​ហើយ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនមាន​វិធានការ​បង្ក្រាប​នោះ​ទេ!!! សង្ស័យត្រូវថ្នាំជាមួយ…….

ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា នៅ​សង្វៀន​បញ្ជល់មាន់​នោះ ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នក​ជិះ​ម៉ូតូ​និង​ជិះ​រថយន្ត​ទំនើបៗ​ទៅ​លេង​ល្បែង​យ៉ាង​អនាធិបតេយ្យ ហើយ​ភ្នាល់​ដាក់​លុយ​ស៊ីសង​រាប់រយ​រាប់ពាន់​ដុល្លារ​ស្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង​។​ ​តាម​ប្រភព​ពី​អ្នក​ធ្លាប់​ចូល​ទៅ​ដល់​សង្វៀន​បញ្ជល់​មាន់​នោះ បានឲ្យដឹង​ថា​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ពីមុន​ជា​អ្នកមាន​អំណាច​ខ្លាំង​នៅក្នុង​ខេត្ត​រតនគិរី ។ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​នៅតែ​ខ្លាំង​ដដែល​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បានឲ្យដឹងទៀតថា ក្រោយពេល​សង្វៀន​បញ្ជល់​មាន់​ទ្រង់ទ្រាយ​ធំ​ត្រូវ​គេ​បង្កើតឡើង​វិញ គឺ​បទល្មើស​ផ្សេងៗ​ជា​ពិសេស​អំពើ​ចោរកម្ម​កំពុង​កើតឡើង​គួរឲ្យ​ព្រួយបារម្ភ​។ ចំណែក​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​។

ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​សំុអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ខេត្ត​រតនគិរី ជាបន្ទាន់ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តរតនគិរី​ធ្វើ​មិនដឹង​ខណៈ​ត្រូវ​ថ្នាំ​សណ្តំ​។​ ​

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ​ផ្ទុយទៅវិញ ប្រភព​ខ្លះ​បានឲ្យដឹងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​រតនគិរី ចាត់ទុក​ល្បែងស៊ីសង​ខុស​ច្បាប់​ជា​ប្រភព​ចំណូល​របស់​ខ្លួន ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​ផងដែរ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩កន្លងទៅ​នេះ ប្រមុខ​រដ្ឋា​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ចេញ​សារាចរ​ណែនាំ​ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អ៊ិន​ធើ​ណេត​អន​ឡាញ ក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​រាជរដ្ឋាភិបាល​ណែនាំ​មន្ត្រីនគរបាល​យុត្តិធម៌​គ្រប់​លំដាប់ថ្នាក់ បង្កើន​ការស្រាវជ្រាវ​បង្ក្រាប​អាជីវកម្ម​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​ក្នុង​និង​ក្រៅប្រទេស គ្រប់​រូបភាព ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ។ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេឡិចត្រូនិក តាមរយៈ​អ៊ិន​ធើ​ណេត អន​ឡាញ ក្នុង​និង​ក្រៅប្រទេស ដែល​មាន​អាជ្ញាប័ណ្ណ ត្រូវ​អនុញ្ញាត​ឲ្យធ្វើ​សកម្មភា​ព​រហូត​ផុត​សុពលភាព​ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ ។ បន្ទាប់​ពី​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀត​ឡើយ ។ ​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈ​អ៊ិន​ធើ​ណេត​អន​ឡាញ ក្នុង និង​ក្រៅប្រទេស​នៅក្នុង និង​ក្រៅប្រទេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ ៕