• Tue. Nov 29th, 2022

ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ ដ៏ធំកំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមើលរំលង….

ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ ដ៏ធំកំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមើលរំលង….

ខេត្តកោះកុង:ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ទីតាំងល្បែងស៊ីសង «សង្វៀនជល់មាន់ និងអាប៉ោង» ដ៏ធំមួយកន្លែងស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងបើកដំណើរការយ៉ាងអណាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានមើលរំលង នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ បានបើកដំណើរការជារៀងរាល់ថ្ងៃ និងមានក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងសស្រាក់សស្រាំពពាក់ពពូនគ្នាស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង ដោយមិនខ្លាចញញ្ញើតច្បាប់អ្វីទាំងអស់។

 

ប្រភពព័ត៌មានបានបន្ថែមនិងសង្ស័យថា៖ សង្វៀនជល់មាន់ និងអាប៉ោងខាងលើនេះ ប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសិល្ប៏ដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាច បិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ជាហេតុបង្កឲ្យមានការជំលោះទាស់ទែងគ្នា ក្នុងគ្រួសារ មានអំពើឆក់ប្លន់ និងភាពអសន្តិសុខផ្សេងៗជាដើម។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយនេះប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ហើយនិងលោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល សូមលោកមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕