រញ្ជួយដីនៅប្រទេសទួកគីកាលពីចុងសប្ដាហ៍មុន បណ្ដាលឱ្យមនុស្សស្លាប់ ៤១នាក់ និងជាង ១,៦០០នាក់ រងរបួស

អាជ្ញាធរតួកគីនិយាយថា មានមនុស្ស ៤១នាក់ ត្រូវបានគេអះអាងថាបានស្លាប់ និងជាង ១,៦០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានការរញ្ជួយដីមួយបានកើតឡើងនៅភាគខាងកើតនៃប្រទេសកាលពីសប្តាហ៍មុន។ 

ការរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារខេត្ត Elazig កាលពីយប់ថ្ងៃសុក្រ។ ការរញ្ជួយនេះវាបណ្តាលឱ្យខូចខាតអគារ និងទ្រព្យសម្បត្តិយ៉ាងច្រើននៅក្នុងតំបន់។ ពេលនេះរដ្ឋាភិបាលតួកគីក៏បានប្រកាសថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះរបស់ខ្លួននឹងបញ្ចប់ថ្ងៃចន្ទនេះ បន្ទាប់ពីធ្វើការស្វែងរកអស់រយៈពេល ៣ថ្ងៃ កន្លងមក។

រដ្ឋាភិបាលបាននិយាយថា អ្នកដែលនៅរស់រានមានជីវិតចំនួន ៤៥នាក់ ត្រូវបានជួយសង្គ្រោះក្នុងកំឡុងពេលប្រតិបត្តិការ ៣ថ្ងៃនោះ ហើយជនរងគ្រោះដទៃដែលស្លាប់ ភាគច្រើនស្លាប់នៅក្រោមគំនរបាក់បែកនៃផ្ទះ និងអគារ។

អំឡុងពេលប្រតិបត្តិការអាជ្ញាធរបានវាយកម្ទេចចោលអគារចំនួន ៤២ ដែលស្ថិតក្នុងគ្រោះថ្នាក់។ ចំណែកមន្រ្តី និងអង្គការ ក៏កំពុងផ្តល់ជំនួយ ចែកចាយស្បៀងអាហារ និងការផ្តល់ជំនួយសង្គ្រោះដល់ប្រជាជន ដែលកំពុងស្នាក់នៅក្នុងជម្រក។ រដ្ឋាភិបាលក៏កំពុងព្យាយាមសាងសង់ផ្ទះបណ្តោះអាសន្នឱ្យបានលឿនបំផុតផងដែរ៕