កក្រើកពេញខេត្តកំពតទៀតហើយ!មេការកាងឆ្នោតវៀតណាមយីហោ K9 ឈ្មោះឆាយ កំពុងដើរគំរាមអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា

កក្រើកពេញខេត្តកំពតទៀតហើយ!មេការកាងឆ្នោតវៀតណាមយីហោ K9 ឈ្មោះឆាយ កំពុងដើរគំរាមអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា

ភ្នំពេញ៖ យោង​តាម​សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត​ នៅព្រឹកថ្ងៃសៅរ៍ទី២៦​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានឲ្យដឹងថា​ , រយៈពេល​ប៉ុន្មានថ្ងៃ​មកនេះមានមនុស្ស​មួយក្រុមដឹកនាំដោយឈ្មោះឆាយ​ ជាមេការកាងឆ្នោតវៀតណាមយីហោ K9​ ដែលជារហ័សនាម គឺតំណាងឲ្យលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានដើរគំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នានៅទូទាំងខេត្តកំពត​ យ៉ាងដាច់ខាតថា​ គឺត្រូវ​តែកត់ឆ្នោតវៀតណាមដាក់ស្លាក K9 ប្រសិនបើកូនកញ្ច្រែងអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នានោះ​ មិនព្រមកត់ឲ្យពួកគេនោះទេ​ ឈ្មោះ​ឆាយ​ និងបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្រ្កាបទីតាំងនេះភ្លាម។ ត្រង់នេះពិតទេ បើសមត្ថកិច្ចត្រូវធ្វើតាមបញ្ជាគាត់មែន ហើយគ្មានភារៈកិច្ចជាមេកើយ លើសាមីអង្គភាពសមត្ថកិច្ចនោះ ?

ជាក់ស្ដែង​ទីតាំង​កត់ឆ្នោតវៀតណាមយីហោ K9​ ធំៗជាច្រេីនកន្លែងមានដូចជា៖ ស្ថិតនៅភូមិ​សុវណ្ណ​សាគរ​ សង្កាត់កំពង់បាយ​,​ ភូមិ​កំពង់​បាយខាងត្បូង​ សង្កាត់កំពង់បាយ​ ក្រុង​កំពត​ ខេត្ត​កំពត​ និងភូមិត្រពាំងធំ​ សង្កាត់ជុំគ្រៀល​ ស្រុក​ទឹកឈូក​ ខេត្ត​កំពត​,​​ បច្ចុប្បន្ន​កំពុង​បេីក​យ៉ាង​ចំហ​យ៉ាង​អាណាធិបតេយ្យ​ មិនមានសមត្ថកិច្ចមូលដ្ឋាន​ ឬថ្នាក់ខេត្តហ៊ានចុះបង្រ្កាបនោះទេ។

បេីតាមសេចក្ដីរាយការណ៍​ដដែល​ បន្តថា​ ឈ្មោះ​ឆាយ​ ដែលជាអ្នកកាងឆ្នោតវៀតណាមយីហោ«K9» បានប្រមូលគ្នាមកនិយាយបញ្ជុះបញ្ជូល លួងលោម គំរាមកូនកញ្ច្រែងតូចៗដែលជាអាជីវករកត់ឆ្នោតវៀតណាមដូចគ្នា នៅតាមតូបផ្សារ តាមផ្ទះ ក្នុងខេត្តកំពត ឲ្យមកកត់ឆ្នោតឲ្យក្រុមខ្លួនវិញ។ ហេីយ​បើកូនកញ្ច្រែងទាំងអស់នោះបដិសេធមិនកត់ឲ្យ ពួកគេបានគំរាមថា ខ្លួននិងឲ្យសមត្ថកិច្ចចុះចាប់ទីតាំងទាំងអស់នោះ។

 

មិនតែប៉ុណ្ណោះ ពួកគេអះអាងថា, ពួកគេមានអំណាចអាចបញ្ជាទៅលើមន្រ្តីមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដូចជា៖​ អាជ្ញាធរ​មានសមត្ថកិច្ច​ ,នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងទីរួមខេត្ត ឲ្យមើលទីតាំងកត់ឆ្នោតណាមិនដាក់ផ្លាកពណ៍ក្រហមយីហោ K9 ប្រសិនបើកូនកញ្ច្រែងណាយល់ព្រមគឺមិនបង្រ្កាបនោះទេ ប៉ុន្តែបើអ្នកណាមិនព្រមកត់ឲ្យពួកខ្លួននោះទេ នឹងធ្វើការបង្រ្កាបតែម្តង។

ប្រជាពលរដ្ឋ​ បានសង្កត់ធ្ងន់ថា​ ហើយការកំណត់ថ្មីរបស់ក្រុមលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា នេះគឺថ្នាក់លើជាអ្នកកំណត់មក ចឹងហើយគឺត្រូវតែធ្វើតាមពួកគេប្រាប់ បើមិនអញ្ចឹងទេពួកគេនឹងឲ្យសមត្ថកិច្ចនៅតាមតំបន់ធ្វើការបង្រ្កាប។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាងាយឆ្ងល់ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺ​ជាថ្នាក់ដឹកនាំមួយរូប​ ដែល​ប្រជាពលរដ្ឋ​ស្រឡាញ់​ និងកោតសរសេីរក្នុងការអនុវត្តច្បាប់បានល្អ​ រាល់ការ​បង្រ្កាប​បទល្មើស​ នឹងមានចាត់វិធានការបែបណាចំពោះក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«K9» នេះ ខណៈដែលកូនចៅរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា កំពុងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យក្នុងខេត្តកំពត ។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់អ្នកសារព័ត៌នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២៦ ខែមិថុនា​ ឆ្នាំ២០២១នេះ តាមរយៈ​ប្រព័ន្ធ​តេឡេ​ក្រាម​ថា៖ ឱ្យតែកន្លែងណាដែលបើកអាជីវកម្មឆ្នោតខុសច្បាប់​ ឬឆ្នោតយួន​ លោកត្រូវតែបង្ក្រាបទាំងអស់ ។

គួររម្លឹកថា​ កន្លងទៅ​លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ ក៏ធ្លាប់​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទដែថា៖​ ចំពោះ​ករណី​ក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ K9​ ប្រសិនបេីមានវិញលោកនឹងបញ្ជាកម្លាំងឲ្យបង្រ្កាបភ្លាម។ លោកស្នងការ​ បន្ថែម​ថា​ មួយវិញទៀត​ចំពោះ​ករណី​រាល់ល្បែង​ស៊ីសង​ក្នុង​មូលដ្ឋាន​ខេត្ត​ របស់លោក​ គឺមិនថាតែការកត់កន្ទុយលេខ(ឆ្នោត​វៀតណាម​ខុសច្បាប់​)​ ត្រូវ​បង្រ្កាបទាំងអស់​ សូម្បីតែ​ល្បែង​បញ្ជល់មាន់​តាមប្រព័ន្ធអនឡាញ​; តាមទូរទស្សន៍​ (ហាងកាហ្វេ​)​ ក៏មិនឲ្យមានដែរ។

ដោយឡែកនៅរសៀលថ្ងៃសៅរ៍នេះដែរ​ អង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅសុំការបំភ្លឺពីលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ជុំវិញករណីខាងលេីនេះ​ ប៉ុន្តែ​មិនអាចទំនាក់ទំនងបាន​ទេ​ ព្រោះ​តេមិនចូល។

ចំពោះករណីខាងលើដែលប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានយីហោ«K9»នេះ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ។ រីឯពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តកំពតផងដែរ ៕