ចេញផ្សាយ: ២២ ០៦ ២០២១ កំពង់ធំ

ចេញផ្សាយ: ២២ ០៦ ២០២១ កំពង់ធំ

 

​ប្រភពពី​មន្ត្រីនគរបាល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងផង​ដែរ​ថា លោកស្រី​ជិន អូន ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ករណី​ពុករលួយ​រត់ការ​បង់​ប្រាក់​ថ្លៃ​ជើង​ឡាន​ដឹកឈើ និង​បង់​ខែ ជាដើម​។​ល​។ ហើយ​ការនាំ​ខ្លួន​នេះ ខាង​នគរបាល​ក្រសួង​ក៏បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ផងដែរ​។​

​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ពិតជា​មាន​ករណី​នាំខ្លួន លោកស្រី​ជិន អូន មែន ពាក់ព័ន្ធ​នឹង​បណ្ដឹង​ផ្សេងទៀត​ពី​ខេត្តកំពង់ធំ​។​

​សូមបញ្ជាក់ថា កន្លងទៅ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​លោកស្រី ជិន អូន ពាក់ព័ន្ធ​នឹង​បទ​​កំហែង​យក បង្ខាំង​ដោយ​ខុសច្បាប់ និង​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា​, ក្នុងនោះ​មាន​របាយការណ៍​មួយ​បញ្ជាក់ថា​, នៅវេលា​៧​យប់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រថយន្ត​សាំង​យ៉ុង​១​គ្រឿង​ដឹកឈើ​នី​វប្រ​ភេទ​ធ្នង់ ប្រហែល​១​ម៉ែត្រគូប ចេញពី​ភូមិ​ចុង​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បើកបរ​ដោយ​កូនប្រុស របស់ ឈ្មោះ អ៊ិន ស្រី​ម៉ៅ ដើម្បី​យកទៅ​ធ្វើ​ផ្ទះ ។ ឈ្មោះ​អ៊ិន ស្រី​ម៉ៅ ជិះ​រថយន្ត​មួយគ្រឿង​ពីក្រោយ​។
ម៉ោង​១៩:៣០ នាទី​មកដល់​ចំណុច​មុខ​ផ្សា​បារាយណ៍ បានឃើញ​រថយន្ត ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ១​គ្រឿង​តាម​ពីក្រោយ មកឃាត់​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​នី​វ​។ ពេលមកដល់​លោក ឃុន ប៊ុន​ហូ និង​បក្ខពួក បាននាំគ្នា​ចុះ​ពីលើ​រថយន្ត ពេលនោះ​លោក ឃុន ប៊ុន​ហូ ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​ចំនួន​មួយ​គ្រាប់ បង្ខំ​ឲ្យ​ឈ្មោះ​អ៊ិន ស្រី​ម៉ៅ ឡើង​ជិះ​រថយន្ត ជាមួយ និង​ចាប់យក​រថយន្ត មក​ដា​ក់នៅ​បន្ទប់ធ្វើការ​របស់​មន្ទី​រ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ ចាប់ពី​ម៉ោង ២២.០០​នាទី​ថ្ងៃទី​២៥ ខែ កុម្ភៈ ឆ្នាំ​២០២១ រហូតដល់​ម៉ោង​៤​ភ្លឺ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ទើប​អនុញ្ញាត​ឲ្យ ឈ្មោះ​អ៊ិន ស្រី​ម៉ៅ និង​រថយន្ត ត្រឡប់ទៅផ្ទះ​វិញ ។

ក្នុងករណីនេះ​លោក ឃុន ប៊ុន​ហូ គៀប​កំហែង​យកលុយ​ចំនួន​៥០០០​ដុល្លារ ពី​ឈ្មោះ​អ៊ិន​ស្រី ម៉ៅ ឲ្យ​លុយ​តាមរយៈ ឈ្មោះ ជិន អូន ដែល​ប្រើ​អា​ខោ​ន Facebook ឈ្មោះ​ជិន គឹម​អ៊​ន ។ ករណី​ជំរឹត​ទា​ប្រាក់ ជា​ថ្នូរ​នឹង​ការលែង​បទល្មើស​នេះ ឥឡូវ​ឈ្មោះ អ៊ិន ស្រី​ម៉ៅ បានដាក់​ពាក្យបណ្តឹង នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​ឃើញ​មាន លិខិត​កោះហៅ លើក​ទី​ពីរ របស់​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ កោះហៅ​លោក ឃុន ប៊ុន​ហូ ឲ្យ​ចូលទៅ​បំភ្លឺ​តាម​បណ្តឹង​របស់ ឈ្មោះ អ៊ិន ស្រី​ម៉ៅ អំពី​ករណី​, កំហែង​យក ។

​ដូច្នេះ​ករណី​នាំខ្លួន​លោកស្រី ជិន អូន អាច​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ខាងលើ ហើយ​មន្ត្រី​មូលដ្ឋាន​អះអាងថា​, នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កោះហៅ​២​ដង​រួចមកហើយ តែ​លោកស្រី​មិន​ចូលខ្លួន ទើប​មន្ត្រីនគរបាល​យុត្តិធម៌​ស្នើសុំ​អយ្យការ​នាំខ្លួន​តែម្តង​។​

​ប្រភព​ចុងក្រោយ​បាន​បញ្ជាក់ថា​, សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោកស្រី​ខាងលើ​តាម ដីកា​បញ្ជា​អោយចូល​ខ្លួន​១១៧ អ​.​យ​.​ជ ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ របស់លោក ម៉ុ​ត ដា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​នាំខ្លួន​លោកស្រី​ជិន អូន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្នល់ បំបែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យ​ចូលមក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ ៖ កំហែង​យក និង​ជេរប្រមាថ តាម​បណ្តឹង​របស់​ឈ្មោះ នា មុំ ភេទ ស្រី អាយុ ៦០​ឆ្នាំ តែ​បុគ្គល​រូបនេះ​មិន​ព្រម​ចូលខ្លួន ទើប​ដល់​ថ្ងៃ​ជាប់​ខ្នោះ ៕