លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិ

លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត
09/06/2021


ប្រភពព័ត៌មានពីមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ប្រភពបានឲ្យដឹងទៀតថា លោក ឃុត សាលីន មេគយច្រកបុសមន តែងប្រើឈ្មោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងសុខស្រួល។ ទន្ទឹមនឹងនេះសូម្បីតែឈ្មួញនិងអាជីវករដែលនាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏លោក ឃុត សាលីន គាបយកលុយលើតុក្រោមតុដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេព្រោះអាងមានលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។


ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា​ បច្ចុប្បន្នលោក ហេង សំបូរ កំពុងយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តស្វាយរៀង យ៉ាងត្រជាក់ចិត្ត។ ជាក់ស្តែងតាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ជំនួសលោក ខៀវ សារឿន ដែលទៅធ្វើជាប្រធានសាខាគយខេត្តកំពង់ធំ នោះគឺលោក ហេង សំបូរ បណ្តោយឲ្យមេៗគយតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ធ្វើអ្វីៗតាមអំពើចិត្តដដែល។ ក្នុងនោះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន។

ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ហេង សំបូរ ទេនោះគឺលោក ឃុត សាលីន មេគយច្រកបុសមន មិនអាចធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ជាងនេះទៅទៀតឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ហើយដឹកជញ្ជូនចូលមករាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ គឺជាប្រភពចំណូលដ៏ធំរបស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង។ គ្មានឈ្មួញធំៗណាដែលគេចផុតពីការបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានទេព្រោះលោក ហេង សំបូរ មានជំនាញច្បាស់លាស់ក្នុងការប្រមូលលុយតាំងពីនៅធ្វើជាមេគយខេត្តកំពត។