លោក ព្រីង សារ៉ាត់ ពន្យាពេលមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការរឿងជំពាក់លុយមិនសង

លោក ព្រីង សារ៉ាត់ ពន្យាពេលមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការរឿងជំពាក់លុយមិនសង

(ភ្នំពេញ)យោងលិខិតពន្យាចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកព្រីន សារ៉ាត់បានដាក់ពាក្យស្នើសុំពន្យាពេលចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដែលតម្រូវឲ្យចូលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១។

សូមជម្រាបជូនថា យោងលិខិតពន្យានោះបានអះអាងថា ខ្លូនបានទទួលដីកាកោះកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យចូលរួមនីតិវិធីដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលនៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ ក្រោមហេតុផលថាដោយសារស្ថានភាពកូវីត១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំងដោយមិនហ៊ានចូលរួមមកតុលាការតាមការកំណត់។

ការស្នើសុំពន្យាពេលនេះត្រូវបានមហាជនមើលឃើញថា ឈ្មោះ ព្រីន សារ៉ាត់ ហាក់បីដូចជាមានចេតនាគេចវេសមិនព្រមចូលតទល់នីតិវិធិនៅតុលាការជាមួយដើមបណ្ដឹង ដោយព្យាយាមអួសបន្លាយពេលវេលា ក្នុងការគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងសំណុំរឿងជំពាក់លុយដែលនាំឲ្យខូចប្រយោជន៍របស់ដើមបណ្ដឹងយ៉ាងធ្ងន់ធ្ងរ។

គួររំលឹងផងដែរថាយោតាមពាក្យបណ្ដឹង ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ព្រីង សារ៉ាត់ បានមកសុំខ្ចីប្រាក់ពីដើមបណ្ដឹងចំនួនៈ ៤០.០០០ $ (បួនម៉ឺនដុល្លាអាមេរិក) ដោយគិតអត្រាការប្រាក់ចំនួន ១២០០០$ (មួយម៉ឺនពីរពាន់ដុល្លាអាមេរិក) ក្នុងរយៈពេល ០៦ខែ គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២០។ ស្រាប់តែដល់ថ្ងៃកំណត់ត្រូវទូទាត់ប្រាក់ ឈ្មោះ ព្រីង សារ៉ាត់ បានស្នើសុំពន្យាពេលក្នុងការទូទាត់ប្រាក់ដើម និងការប្រាក់ សងមកដើមបណ្ដឹង ហើយខ្លួនបានស្នើសុំធ្វើកិច្ចព្រមព្រៀងទទួលស្គាល់បំណុល និងធានាសង នូវបំណុលចំនួន ៥២០០០$ (ប្រាំម៉ឹនពីរពាន់ដុល្លាអាមេរិក) ដែលខ្លួនជំពាក់ដើមបណ្ដឹង ដោយអាងខ្លួនជាមនុស្សធ្លាប់មានទំនាក់ទំនងរ៉ាប់អានគ្នា ទើបដើមបណ្ដឹងបានសម្រេចចិត្តយល់ព្រមពន្យាពេល។ ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងរហូតមកទល់បច្ចុប្បន្ន ឈ្មោះ ព្រីង សារ៉ាត់ ពុំដែលបានទូទាត់សងបំណុលដើមបណ្ដឹងឡើយ ក្រោយឃើញរោគសញ្ញានៃការឆបោក របស់ឈ្មោះព្រីង សារ៉ាត់ ទើបម្ចាស់បំណុលទើបដើមបណ្ដឹងសម្រេចចិត្តប្ដឹងចូលមកសាលាដំបូងរាជធានីភ្នំពេញដើម្បីរកយុត្តិធម៌អោយខ្លួនតាមច្បាប់ជាធរមាន។

ទោះជាយ៉ាងណា តុលាការបានសម្រេចលើកពេលតាមការស្នើសុំរបស់ឈ្មោះ ព្រីន សារ៉ាត់ រួចទៅហើយ ផ្អែកតាមព័ត៌មានដែលអង្គភាព សារព័ត៌មានរបស់យើងខ្ញុំទទួលបានពីដើមបណ្ដឹង៕