ឯកឧត្តមអភិបាលខេត្ត​ស្វាយរៀង​អញ្ជើញ​ចុះ​ពិនិត្យ​មើលស្ថានភាព​តាម​បណ្តា​ច្រកទ្វា​ព្រំដែន​កម្ពុជា​-​វៀតណាម​!

ឯកឧត្តមអភិបាលខេត្ត​ស្វាយរៀង​អញ្ជើញ​ចុះ​ពិនិត្យ​មើលស្ថានភាព​តាម​បណ្តា​ច្រកទ្វា​ព្រំដែន​កម្ពុជា​-​វៀតណាម​!

(​ខេត្តស្វាយរៀង) ៖ ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ចុះ​ពិនិត្យ​មើលស្ថានភាព​តាម​បណ្តា​ច្រកទ្វា​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាវិត ដើម្បី​ពង្រឹង​វិធាន​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​

 

នៃ​កម្ពុជា ក្នុងទិសដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​នៅ​បណ្តា​ប៉ុស្តិ៍​ការពារ​ព្រំដែន និង​ច្រកទ្វារព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាវិត រួមមាន​ប៉ុស្តិ៍​ការពារ​ព្រំដែន​ធ្លក ច្រក​ការពារ​ព្រំដែន​កំពង់​ស្ពាន ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ពិនិត្យ​មើលទីតាំង​បន្ទប់​ដាក់​ម៉ា​ស៉ី​ន​វាស់​កំដៅ​ពេល​ភ្ញៀវ​ឆ្លងកាត់ និង​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​វរៈ​សេនា​តូច​ការពារ​ព្រំដែន ដើម្បី​ពង្រឹង​វិធាន​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។​

 

​ឯកឧត្តមអភិបាលខេត្ត​មានប្រសាសន៍​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​បណ្តា​ច្រកព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាវិត​នា​ថ្ងៃនេះ​លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​មន្ត្រី​ច​ត្តា​ឡី​ស័ក សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅតាម​ព្រំដែន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​ភាគី​វៀតណាម ក្នុងការ​សម្របសម្រួល​លើ​ការដឹកជញ្ជូន និង​ផ្លាស់ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន បញ្ចៀស​បាន​នូវ​ការកកស្ទះ ជាមួយនិង​ការប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តតាម​វិធានការ​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ ។​

​ឯកឧត្តមអភិបាលខេត្ត ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​ចូលមក​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជាដាច់ខាត នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​រួចជាស្រេច ដោយ​មិនត្រូវ​ឲ្យ​នរណាម្នាក់​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាន​ត្រួតពិនិត្យ និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ ជារួម​គឺ​ត្រូវតែ​បង្ខំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាដាច់ខាត ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។ ជាមួយនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ជានិច្ច​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​អាល់កុល​ជាប្រចាំ ហើយ​សូមកុំ​ធ្វើដំណើរ​ឆ្លងដែន​បើ​មិនមាន​ការចាំបាច់ ។​

​សូមបញ្ជាក់ថា ដើម្បី​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ការចេញចូល ជាពិសេស​ការទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ក្នុង​គោលដៅ​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលខេត្ត បានរៀបចំ​គោលដៅ​ប្រចាំការ និង​ល្បាត​ការពារ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ចំនួន ៥៨​គោលដៅ បន្ថែមទៀត​ផងផងដែរ ។