ខេត្តកណ្តាល៖ ទីតាំងហាងកាហ្វេជាច្រើនកន្លែងស្ថិតនៅក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល។ កំពុងតែដំណើរការ បើកបម្រើសេវាកម្មភ្នាល់ល្បែងស៊ីសង ឆ្នោតឡូតូ និងមាន់ជល់ហាយឡាយ ប្រភេទ!

ខេត្តកណ្តាល៖ ទីតាំងហាងកាហ្វេជាច្រើនកន្លែងស្ថិតនៅក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល។ កំពុងតែដំណើរការ បើកបម្រើសេវាកម្មភ្នាល់ល្បែងស៊ីសង ឆ្នោតឡូតូ និងមាន់ជល់ហាយឡាយ ប្រភេទ!

កាស៊ីណូអនឡាញ បានដោយរលូន ទោះបីជាកន្លងមកអាជ្ញាធរមានសមត្ថកិច្ច បានហាមឃាត់ ណែនាំអប់រំ ដោយធ្វើកិច្ចសន្យា លាយលក្ខណ៍ជាអក្សរ និងផ្តិតមេដៃ ពីរឬបីដង ក៏ដោយ ក៏ម្ចាស់ទីតាំងទាំងនោះនៅតែបន្តបើក បម្រើសេវាកម្មភ្នាល់បានដោយរលូន និងមិនខ្លាច ញញើតសមត្ថកិច្ចបន្តិចសោះឡើយ។

 

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានចង្ងល់ និងដាក់ការសង្ស័យចំៗ ថា អាជ្ញាធរក្នុងមូលដ្ឋាន ធ្វើកិច្ចសន្យានេះ ប្រហែលជាកិច្ចសន្យា ក្នុងន័យដោះដូរអ្វីមួយ ឬមួយក៏ជាកិច្ចសន្យាដើម្បីតែបំភាន់ភ្នែកមហាជន និងថ្នាក់ដឹកនាំ ហើយមើលទៅ។

 

ប្រជាពលរដ្ឋបានបន្តរិះគន់ទៀតថា៖ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានស្រុកមុខកំពូលទាំងនោះ កំពុងតែអនុវត្តន៍ច្បាប់ផ្ទុយពីបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់។

 

កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗ នេះថា មន្ត្រីនគរបាលមានសមត្ថកិច្ច ត្រូវតែពិនិត្យស្រាវជ្រាវ រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទតាមអនឡាញ ដែលបានបំបែកខ្លួន ចេញបើកអាជីវកម្មយ៉ាងអនាធិបតេយ្យ ជាសាធារណៈ។ ព្រោះល្បែងស៊ីសងទាំងនោះជាហេតុបង្កឲ្យមានភាពអសន្តិសុខ ក្នុងសង្គម និងជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់យុទ្ធសាស្ត្រចតុកោណ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។

 

ប្រជាពលរដ្ឋនៅតែបន្ត និងសម្ដែងការព្រួយបារម្ភថា កាលណាល្បែងស៊ីសងនៅតែមាន ប្រាកដជាមានបទល្មើសកើនឡើងជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះបទល្មើសផ្តើមចេញពីល្បែងស៊ីសងនេះឯង (ពោល) ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា ទាល់តម្រិះបើមិនលួចក៏ឆក់ប្លន់ដែរ។ ហើយល្បែងស៊ីសងគឺជាប្រភព បង្កបង្កើននៃកំណើនប្រជាពលរដ្ឋក្រីក្រ។

 

ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន រួមទាំងអ្នកសារព័ត៌មាន សូមធ្វើការអំពាវនាវដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឯកឧត្តមមានវិធានការទប់ស្កាត់ ដោយចាត់កម្លាំងជំនាញមកបើកការស្រាវជ្រាវផងទាន កុំចាំតែរបាយការណ៍ ភូតកុហក របស់មន្ត្រីថ្នាក់ក្រោម។

 

ពាក់ព័ន្ធទៅនឹងករណីល្បែងសុីសងខាងលើនេះសារព័ត៌មាន ម្ចាស់ទន្លេមេគង្គមិនអាចសុំការបំភ្លឺពីលោកឯក លុន អធិការស្រុកមុខកំពូលបានទេដោយតេមិនចូល។

ចំណែកអ្នកសារព័ត៌មានក៏មានសំណូមពរមួយសូមឲ្យឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ស្នងការខេត្ត សុំកុំធ្វើកិច្ចសន្យាលើម្ចាស់ទីតាំង ដែលបើកសេវាកម្មភ្នាល់ល្បែងស៊ីសងនោះអី គួរតែធ្វើកិច្ចសន្យាចំពោះមន្ត្រីណាដែលមិនព្រមចុះអនុវត្តច្បាប់របស់ថ្នាក់ដឹកនាំដែលបានចេញបទបញ្ជាឲ្យ។

ហើយបែរជាបណ្ដែតបណ្ដោយឲ្យមានការបើកលេងយ៉ាងគឃ្លើនទៅវិញ ទោះបីជាមានសារព័ត៌មានបានផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចក៏ដោយ៕